ប្រធាន៖ មានសុភាសិតមួយបានពោលថា ''​ វិជ្ជាជាអាហារប្រាជ្ញាជាអាវុធ ''​ ចូរបកស្រាយ។ - កំសាន្ដអារម្មណ៏

កំសាន្ដអារម្មណ៏

Welcome To blogger កំសាន្ដអារម្មណ៏

Monday, 18 February 2019

ប្រធាន៖ មានសុភាសិតមួយបានពោលថា ''​ វិជ្ជាជាអាហារប្រាជ្ញាជាអាវុធ ''​ ចូរបកស្រាយ។

សេចក្ដីអត្ថាធិប្បាយ
​                      បុព្វបុរសខ្មែរយើងជាអ្នកដែលពោរពេញទៅដោយចំណេះដឹង ហើយមុននឹងលោកស្លាប់ទៅលោកបានបន្សល់ទុកនូវពាក្យស្លោកសុភាសិត កំណាព្យ ពាក្យឃ្លោងជាច្រើនទុកទូន្មានប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយបានទទួលបទពិសោធន៏ ចំណេះដឹងសម្រាប់មកអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃហើយវៀរចាកពីអំពើទុច្ចរិតផ្សេងៗ។ ហើយនៅក្នុងនោះមានសុភាសិតមួយបានពោលថា ''​ វិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធ ''​។
          តើសុភាសិតនេះមានអត្ថន័យយ៉ាងដូចម្ដេច?
​          ជាបឋមដើម្បីជាប្រទីបបំភ្លឺសុភាសិតខាងលើឲ្យបានក្បោះក្បាយយើងត្រូវគប្បីយល់ពីពាក្យគន្លឹះនៃពាក្យពិបាកៗខ្លះជាមុនសិន។ ដូចនេះពាក្យថា ''វីជ្ជា'' គឺចំណេះដឹង វិជ្ជាជីវៈ ជំនាញផ្សេងៗដែលទទួលបានពីកាសិក្សារៀនសូត្រ ឬការអនុវត្តការងារផ្សេងៗ។ រីឯពាក្យថា ''អាហារ''​ គឺជាគ្រឿងបរិក្ខាសម្រាប់បរិភោគទ្រទ្រង់នូវរាងកាយ។ ចំណែកឯពាក្យ ''​ប្រាជ្ញា''​ មានន័យថាញ្ញាណដែលប្រកបដោយការត្រិះរិះពិចារណា ចេះថ្លឹងថ្លែងនិងយល់គ្រប់កាលៈទេសៈ។ ហើយចំណែកពាក្យថា ''អាវុធ'' គឺគ្រឿងប្រដាប់ដែលធ្វើឡើងពីឫស្សី ឬសម្រាប់ទុកត្រួសត្រាចសត្រូវ ឬឧបសគ្គផ្សេងៗ។ ដូច្នេះបើយោងតាមអត្ថន័យរបស់ពាក្យពិបាកនេះយើងអាចស្វែងយល់ពីន័យប្រធានឲ្យកាន់តែច្បាស់បានថែមទៀតថា ចំណេះដឹងឬជំនាញវិជ្ជាជីវៈផ្សេងៗដែលទទួលបានពីកាសិក្សារៀនសូត្រឬការអនុវត្តការងារផ្សេងៗវាប្រៀបដូចជាគ្រឿងបរិក្ខារសម្រាប់បរិភោគទ្រទ្រង់នូវរាងកាយរបស់យើង ហើយចំណេះញាណដែលប្រកបដោយការត្រិះរិះ ពិចារណា ថ្លឹងថ្លែងគ្រប់កាលៈទេសៈវាប្រៀបដូចជាប្រដាប់ដែលធ្វើឡើងពីឫស្សី ឬសម្រាប់ទុកត្រួសត្រាចសត្រូវ ឬឧបសគ្គផ្សេងៗ។
          ជាការពីតណាស់មនុស្សម្នាក់ៗដែលកើតមកហើយតែងតែខិតខំស្វះស្វែងរកចំណេះវិជ្ជា ឬជំនាញពិតប្រាកដជាមួយគេ​ ពីព្រោះគេបានយល់ពីតម្លៃនៃចំណេះវិជ្ជា។ ហើយចំណេះវិជ្ជាជាអាហារបានសេចក្ដីថា​ ប្រសិនបើបុគ្គលណាម្នាក់បានព្យាយាមខិតខំប្រឹងប្រៀងសិក្សារៀនសូត្រ ហើយមានគោលបំណងច្បាស់លាស់ទៅលើមុខរបរឬអាជីវកម្មណាមួយ តាមចំណង់ចំណូលចិត្តរបស់គេរៀងៗខ្លួនទៅតាមជំនាញដែលគែបានរៀនរួចមកហើយនោះ។ ហើយកាលណាដែលគេមានអាជីពឬមុខរបរពិតប្រាកដនោះពួកគេនឹងអាចរកប្រាក់ចំណូលដោយខ្លួនឯង​ ផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យប្រសើឡើងបានជាមិនខាន។ ហើយប្រសិនកាលណាសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនហើយក៏បានរួមចំណែកក្នុងការអភិវឌ្ឈប្រទេសជាតីផងដែរ។ ហើយបើយើងមកមើលការងារក្នុងសង្គមបច្ចុប្បន្នយើងច្រើនណាសើដូចជា​ គ្រូបង្រៀន គ្រួពេទ្យ វិចត្រករ កម្មករ កសិករ វិស្វ័កករ ពាណិជ្ជករជាដើម។ សុទ្ធសឹងតែជាការងារដែលមានតម្លៃសុចរិត ថ្លៃថ្នួហើយសង្គមគាំទ្រថែមទៀត ហើយសុទ្ធសឹងរកបានកម្រៃយកមកបំពេញតម្រូវការបានទាំងអស់។ ហើយទ្រព្យនៃចំណោះវិជ្ជានេះគឺជាឃ្លាំងទ្រព្យដ៏មហិមាសចាយមិនចេះរីងស្ងួត ចាយច្រើនចម្រើនទៅណាមកណាក៏មិនពិបាកវិចស្ពាយតាមខ្លួនភ្លើងឆេះមិនដល់។ ដូចដែលពាក្យស្លោកបានពោលថា ''វិជ្ជាជាជាប់និងប្រាណ ចោរលួចមិនបាន ចាយច្រើនកើនច្រើន កណ្ដៀមិនកេរ កណ្ដុរមិនកាត់''។​ ហើយលើសពីនេះទៅទៀតកាលណាយើងមានវិជ្ជាយើងប្រាកដជាមានគំនិតឆ្នៃប្រឌិត បង្កើននូវអ្វីដែលថ្មីៗដែលអាចឲ្យយើងរកប្រាក់បានមួយចំណែកទៀត ហើយលើសពីនេះទៅទៀតបើយើងមានចំណេះវិជ្ជាពេលដែលយើងធ្វើអ្វីមួយគឺយើងនឹងចេះគិតពិចារណាល្អិតល្អន់ ហើយមិនចាញ់បោកពីជនខិលខូចដោយការកេងប្រវ័ញ្ចគ្រប់រូបភាព។ ហើយមិនត្រឹមតែប៉ុណ្ណឹងយើងអាចជួយស្ដារប្រទេសជាតិក៏ដូចជាសហគមន៏របស់យើងឲ្យបានរីកចម្រើនបានតាមរយះការផ្សព្វផ្សាយចំណេះដឹងរបស់យើង។ ទួសយ៉ាងណានៅក្នុងសង្គមយើងនាពេលបច្ចុប្បន្នបុគ្គលដែលខិតខំប្រឹងប្រែងរៀនសូត្របុគ្គលនោះនឹងទទួលបាន​ការងារមួយយ៉ាងសមរម្យជាក់ច្បាស់ណាស់។ រីឯនៅក្នុងអក្សរសិល្ប៍យើងវិញដូចជារឿងកុលាបប៉ៃលិនតួអង្គចៅចិត្រគេមានជំនាញគេខិតខំព្យាយាមធ្វើការកម្មករជិកត្បូងដោយមិនខ្ចិលច្រអូសរហូតក្លាយជានាយកត្រួតអណ្ដូងរ៉ែទៀតផង។ រីឯនៅក្នុងរឿងទុំទាវវិញត្រង់តួអង្គ ពេជ្រនិងទុំនៅពេលដែលគេបួសធ្វើជាសង្ឃគេមានជំនាញធ្វើតោកលក់សម្រាប់ផ្គត់ផ្គង់ជីវភាពព្រះសង្ឃរបស់គេ។ ដោយឡែកនៅក្នុងរឿងព្រះអាទិត្យរះលើផែនដីចាស់វិញ តួអង្គមន្រ្តីនៅពេលលោកបន្ទាប់ពីគាត់បញ្ចប់ការរៀនពីប្រទេសបារាំងវិញហើយគាត់បានក្លាយជាមន្ត្រីបម្រើការងាររាជកា។ រីឯតួអង្គសមវិញបន្ទាប់េពីបម្រើការងារលោកមន្ត្រីរួចហើយ គាត់ក៏បានវិលទៅស្រុកកំណើតវិញក្នុងជីវភាពជាកសិករហើយសមបានចូលរូមជារដ្ឋាភិបាលគឺអនុវត្តនយោបាយទឹក ហើយកាតត្រូវបានប្រជារាស្រ្តគោរពស្រឡាញ់បោះឆ្នោតឲ្យធ្វើមេឃុំសង្គមរាស្ត្រនិយមទៀត ហើយអ្វីដែលសំខាន់ត្រូវបានចាត់ឲ្យចូលរួមជាសមាជិកលើកទីប្រាំបួននៅរាជធានីភ្នំពេញទៀតផង។​ ហើយចំពោះវិជ្ជាជាអាវុធមានន័យថា នៅក្នុងជីវិតមនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវបញ្ញាឧបសគ្គជារឿយៗ ដូចជាបញ្ហាសង្គម បញ្ហាគ្រួសារឬជាមួយមហាជនទូទៅ នៅក្នុងនោះដោះស្រាយបញ្ហាទាំងអស់នេះវាទាមទារឲ្យមនុស្សមានប្រាជ្ញា មានភាពប្រសប់ឈ្លាស់វៃក្នុងការដោះស្រាយបញ្ហាប្រកបដោយសន្តិវិធី។ ហើយជននោះនឹងក្លាយជាជនដែលសម្បូរប្រាជ្ញាជាមិនខាន។ ហើយប្រាជ្ញានេះវាប្រៀបដូចជាអាវុធមុតស្រួចហើយរឹងមាំនិងត្រជាក់ដែលដោះស្រាយមិនបះពាល់ដល់ប្រយោជន៍ផ្សេងៗ។ ហើយប្រាជ្ញានេះទៀតអាចឲ្យយើងរៀរចាក់ពីបញ្ហាទីទាល់ក្រល្ងង់គ្រោះទុរ្ភិក្ស គ្រោះធម្មជាតីដូចជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត រន្ទះបាញ់ជាដើម។ បើយើងជួបនូវបញ្ហាទាំងអស់នេះយើងនឹងមានមធ្យោបាយទប់ទល់ឬដោះស្រាយទុកជាមុនជាមិនខាន។ ហើយមួយវិញទៀតឲ្យយើងហ៊ានតវ៉ាទាមទារសិទ្ធិសិរីភាពពីការជីះជាន់ពីសំណាក់អ្នកមានអំណាចណាមួយបាន​។​​​ ហើយក៏អាចចូលរួមការពារជាតិមាតុភូមិដែរ។ តួយ៉ាងណានៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាយើងនៅសម័យអាណានិគមបារាំងនៅក្រោមការដឹកនាំរបស់សម្ដេចនរោត្តមសីហនុទ្រង់បានឈ្លាសវៃនិងពិនប្រសប់បំផុតក្នុងការទាមទារឯករាជ្យេពីបារាំដូចជាទ្រង់បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាតសែតញ៉ូយ៉កថែមដែលមាន​ឥទ្ធិពលដូចជាគ្រាប់បែកមួយគ្រាប់នឹងបានបង្កើតកងជីវពលនារីក្លាហារដែលបានការចូលរួមពីប្រជាជនទាំងប្រុសទាំងស្រីរាបើម៊ឺនាក់ហើយទទួលបានការហ្វឹកហាត់យ៉ាងសកម្មទីបំផុតបារាំងព្រមប្រគល់ឯករាជ្យយ៉ាងឧឡារឹកឲ្យខ្មែរវិញ។ រីឯក្នុងអក្សរសិល្ប៍យើងវិញដូចជារឿងកុលាបប៉ៃលិន តួអង្គមានភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាបានជាបន្ទាន់ភ្លាមៗដូចជាឡានខួចនៅកណ្ដាលព្រៃភ្នំចំពេលបាក់រសៀលមិនអាចធ្វើដំណើរទៅណាបន្តទៀត ហើយទាំងអស់គ្នានៅទីនោះមិនអាចរកវិធីដាំបាយចៅចិត្រនឹកឃើញភ្លាមៗទឹកអាចយកពីធុងក្នុងឡានឯឆ្នាំងអាចយកកំប៉ុងជំនួស ហើយអុសអាចកាច់ឈើងាប់ៗបានជាការស្រេច។ នេះជាដំណោះស្រាយដ៏ល្អបំផុត។ ដោយឡែកនៅក្នុងរឿងធនញ្ច័យវិញ តួអង្គធនញ្ច័យជាជនដែលឈ្លាវៃសម្បូរប្រាជ្ញាអាចដោះស្រាយបញ្ហាការពារជីរិតរបស់ខ្លួនពីស្ដេចដូចជាការរាវពងមាន់ក្នុងទឹក ភ្នាល់ដំរី ជល់មាន់ជាដើម។ ធនញ្ច័យផុតជីវិតរបស់ខ្លួនពីការប្រហារជីវិតរបស់ស្ដេចនិងពួកមន្ត្រីដែលមានគំនិតចង់ផ្ដួលរលំគាត់ប្រកបដោយធម៍អហិង្សា។ រីឯក្នុងរឿងព្រះវេសន្ដរវិញតាជូជក់ពូកែថ្វីមាត់ដោះស្រាយបញ្ហាដូចជានៅពេលដែលនាងអាមិត្តធីតាបានប្រើគាត់ឲ្យទៅសុំជាលីក្រស្នាពីព្រះវេសន្ដរមកធ្វើទាសទាសីនោះ។ ហើយពេលគាត់ធ្វើដំណើរទៅដលើក្នុងព្រៃភ្នំគិរិវង្គត់ មានកូនអ្នកភូមិម្នាក់ឈ្មោះចេតរបុត្រយាមនៅទីនោះ ពេលឃើញតាជូជក់ដើរសំដៅមកចេតបុត្របានព្រលែងឆ្កែដេញខាំហើយតាជូជក់រត់ឡើងដើមឈើ ចេតបុត្របំរុងទាញធ្នូរបាញ់ទៀតផង។​ តែតាជូជក់ានកុហកថាខ្លួនជារាជទូតព្រះបាទសញ្ច័យ ចេតបុត្រជឿក៏នាំតាជូជក់ទៅហើយជប់លាងទៀត។ នេះបង្ហាញពីភាពពិនប្រសប់របស់តាជូជក់ គាត់រួចខ្លួនហើយទទួលបានគុណសម្បត្តិទៀត។
       សរុបការបកស្រាយប្រធានខាងលើដែលបានលើកឡើងថា វិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធ ពិតជាត្រឹមត្រូវណាស់។ ព្រោះវិជ្ជាប្រៀបដូចជាឃ្លាំងទ្រព្យ ឯប្រាជ្ញាជាអាវុធដ៏ត្រជាក់។
​                      ឆ្លងតាមការអត្ថាធិប្បាយអមដោយអំណះអំណាងខាងលើយើងឃើញថា​ ប្រធាននេះបានអប់រំមនុស្សឲ្យស្វះស្វែងរកចំណេះវិជ្ជា ហើយការដោះស្រាយបញ្ហាកុំអាងទៅលើកម្លាំងបាយ ត្រូវចេះប្រើប្រាជ្ញា។ ដូចនេះក្នុងនាមយើងជាអ្នកសិក្សាជំនាន់ក្រោយដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិគួរគប្បីខិតខំសិក្សាក្រេបជញ្ជក់យកចំណេះដឹង ឲ្យបានច្រើងសមជាទំពាំងស្នងឫស្សីដ៏ល្អ៕

1 comment:

  1. សុំទស្សនៈមួយពោលថាអក្សរសិល្ប៍ជាអាវុធតស៊ូសង្គម។តើទស្សននេះចង់សំដៅពីការតស៊ូសង្គមដូចម្ដេចខ្លះ?ចូរបកស្រាយលើឧទាហរណ៍ក្នុងអក្សរសិល្ប៍មកបញ្ជាក់ ៕

    ReplyDelete